ប្រៀបធៀបកម្លាំងទ័ពឥណ្ឌានិងប៉ាគីស្ថាន

2,379 views | 37 likes
2 months ago

ប្រៀបធៀបកម្លាំងទ័ពឥណ្ឌានិងប៉ាគីស្ថាន
លោកអ្នកនាងជាទីមេត្រី!
មានមិត្តអ្នកស្តាប់ និងទស្សនាកម្មវិធីយើងជាច្រើន ចង់ដឹងអំពីកម្លាំងទ័ពនៃប្រទេសមួយចំនួនក្នុងពិភពលោក ដែលមានវិបត្តិយោធាជាមួយគ្នា ទោះជាក្នុងបច្ចុប្បន្នក្តីក្នុងអតីតកាលក្តី។ យើងស្រាវជ្រាវយកមកជម្រាបម្តងម្កាលតាមសំណូមពរ។
កាលពីខែកុម្ភៈកន្លងទៅនេះ ពិភពលោកភ្ញាក់ផ្អើលជាខ្លាំងពេលឃើញប្រទេសឥណ្ឌា និងប៉ាគីស្ថានប្រើកម្លាំងយោធាតបតគ្នាទៅវិញទៅមកដែលជារឿងមិនធ្លាប់មានយ៉ាងហោចតាំងពីឆ្នាំ១៩៩៩មក។ ពិភពលោកបារម្ភខ្លាំង ព្រោះប្រទេសទាំងពីរមានគ្រាប់បែកប្រល័យលោក ឬគ្រាប់បរមាណូរៀងខ្លួន។ មុននឹងជម្រាបអំពីកម្លាំងយោធារវាងប្រទេសទាំងពីរ យើងសូមជូនប្រវត្តិដើមហេតុ សង្ខេបនៃជម្លោះរវាងឥណ្ឌានិងប៉ាគីស្ថាន ដែលជាប្រទេសពីរស្ថិតក្នុងឧបទ្វីបឥណ្ឌា ឬតំបន់អាស៊ីខាងត្បូង ក្រៅពីប្រទេសបង់ក្លាដែស ប៊ូថាន ម៉ាល់ឌីវ ណេប៉ាល់ និងសិរីលង្កា។
ឥណ្ឌាមានពលរដ្ឋជិត១៣០០លាននាក់។ ប៉ាគីស្ថានមានពលរដ្ឋ២០៨លាននាក់។
ឥណ្ឌានិងប៉ាគីស្ថានជាប្រទេសស្ថិតក្រោមអាណានិគមចក្រភពអង់គ្លេសហើយបានទទួលឯករាជ្យភាពពីអង់គ្លេសនៅឆ្នាំ១៩៤៧ដូចគ្នា។ ពេលប្រទេសអាណានិគមចាកចេញបោះបង់ការគ្រប់គ្រងលើប្រទេសមិនរីកចម្រើនគេតែងបន្សល់ទុកនូវវិវាទរឿងជាតិសាសន៍ និងការគូសបែងបែកកំណត់ព្រំដែនមិនយុត្តិធម៌ ដូចជាជម្លោះរវាងឥណ្ឌានិងប៉ាគីស្ថាន អ៊ីស្រាអែលនិងប៉ាឡេស្ទីន ខ្មែរនិងយួនរឿងកម្ពុជាក្រោមជាដើម។
តំបន់កាស្ហស្មៀនៅភាគខាងជើងឥណ្ឌា និងភាគឦសានប៉ាគីស្ថាន ជាបញ្ហាមួយបន្សល់ទុកតាំងពីឆ្នាំ១៩៤៧។ តំបន់កាស្ហស្មៀត្រូវខណ្ឌដោយខ្សែបន្ទាត់ព្រំដែន ចែកទឹកដី និងមានមនុស្សជិត១០០លាននាក់ជាពីរ គូសកំណត់ដោយឧបរាជអង់ គ្លេសត្រួតត្រាឥណ្ឌានិងប៉ាគីស្ថានដោយយោងតាមភាពជាក់ស្តែងទីតាំងជនជាតិនីមួយៗរស់នៅ ជំនឿសាសនា ភូមិសាស្រ្ត ដូចជាខ្សែទឹកហូរជាដើម។
បើនិយាយអំពីរឿងទឹកដី ប្រទេសទាំងពីរ មិនអនុញ្ញាតឲ្យភាគីណាមួយរំលោភបំពានទន្រ្ទាន លុកលុយមួយចំអាមជាដាច់ខាត។ ក្នុងជម្លោះចុងក្រោយនេះ ឥណ្ឌាចោទរដ្ឋាភិបាលប៉ាគីស្ថានថា ជួយលាក់បំបាំងចលនាអ៊ីស្លាមជ្រុលនិយមដែលបង្កប់ជាតិផ្ទុះក្នុងឡានសម្លាប់កងស្វ័យត្រាណជាង២០នាក់ក្នុងដែនដីឥណ្ឌាកាលចុងខែកុម្ភៈ។
ឥណ្ឌាបញ្ជូនយន្តហោះចម្បាំងឲ្យបាញ់រះទៅលើទីតាំងបន្ទិលសង្ស័យថា ជាជំរំយុទ្ធជនស្ម័គ្រអត្តឃាតចូលក្នុងដែនដីប៉ាគីស្ថាន។ ប៉ាគីស្ថានបាញ់ធ្លាក់យន្តហោះឥណ្ឌាចាប់ខ្លួនអាកាសយានិកឃុំទុក។
តទៅនេះជាការប្រៀបធៀបកម្លាំងទ័ពប្រទេសទាំងពីរ យោងតាមប្រភពទីភ្នាក់ងារព័ត៌មានReuters ព្រិត្តិប័ត្រNewsweek វិជ្ជាស្ថានស្រាវជ្រាវ Armed Forces និង Global Firepower។ ឥណ្ឌាមានចំណាត់ថ្នាក់លេខ៤ខាងកម្លាំងទ័ពក្នុងចំណោមប្រទេស១៣៧ក្នុងពិភពលោក រីឯប៉ាគីស្ថានមានចំណាត់ថ្នាក់លេខ១៧ក្នុងចំណោមប្រទេស១៣៧។ ឥណ្ឌាចាយថវិកាកិច្ចការយោធាចំនួន៥៦ពាន់លាន ចំណែកឯប៉ាគីស្ថានចាយ១១ពាន់លានដុល្លារ។
១. ធនធានមនុស្ស
−ឥណ្ឌាមានមនុស្សពេញកម្លាំងជិត៦២៣លាននាក់
−ប៉ាគីស្ថានមានជិត១០០លាននាក់
−ឥណ្ឌាមានមនុស្សអាចធ្វើទាហានបានជិត៥០០លាននាក់
−ប៉ាគីស្ថានមានជិត៧៧លាននាក់
−ឥណ្ឌាមានមនុស្សគ្រប់អាយុបម្រើជាតិមួយឆ្នាំៗជាង២៣លាននាក់
−ប៉ាគីស្ថានមានជាង៤លាននាក់ក្នុងមួយឆ្នាំៗ
−ឥណ្ឌាមានទាហានសកម្មជិត១លាន៤សែននាក់
−ប៉ាគីស្ថានមានជិត៧សែននាក់
−ឥណ្ឌាមានទាហានបម្រុងជាង២លាននាក់
−ប៉ាគីស្ថានមានជាង៥សែននាក់
−ឥណ្ឌាមានទាហានសរុបជិត៣លាន៥សែននាក់
−ប៉ាគីស្ថានមានជិត១លាននាក់

២. យុទ្ធភណ្ឌទ័ពអាកាស
−ឥណ្ឌាមានយន្តហោះគ្រប់ប្រភេទសរុបជិត២១០០គ្រឿង
−ប៉ាគីស្ថានមានជាង១៣០០គ្រឿង
−ឥណ្ឌាមានយន្តហោះប្រយុទ្ធ៥២០គ្រឿង
−ប៉ាគីស្ថានមានជិត៣៥០គ្រឿង
−ឥណ្ឌាមានយន្តហោះទម្លាក់គ្រាប់បែកជិត៧០០គ្រឿង
−ប៉ាគីស្ថានមានជិត៣៥០គ្រឿង
−ឥណ្ឌាមានយន្តហោះដឹកជញ្ជូនចំនួន២៩៣គ្រឿង
−ប៉ាគីស្ថានមាន៥១គ្រឿង
−ឥណ្ឌា មានយន្តហោះបង្ហាត់ហ្វឹកហ្វឺនជាង៣៦០គ្រឿង
−ប៉ាគីស្ថានមានជិត៥០០គ្រឿង
−ឥណ្ឌាមានឧទ្ធម្ភាគចក្រ ឬ កន្ទុមរុយសរុបជិត៧២៥គ្រឿង
−ប៉ាគីស្ថានមានជាង៣២០គ្រឿង
−ឥណ្ឌាមានឧទ្ធម្ភាគចក្រវាយប្រហារ១៧គ្រឿង
−ប៉ាគីស្ថានមាន៥៥គ្រឿង

៣. យុទ្ធភណ្ឌទ័ពជើងគោក
−ឥណ្ឌាមានរថក្រោះចម្បាំងធុនធ្ងន់សរុបជិត៤២០០គ្រឿង
−ប៉ាគីស្ថានមាន២២០០គ្រឿង
−ឥណ្ឌាមានរថពាសដែកល្បឿនលឿនជិត៣ពាន់គ្រឿង
−ប៉ាគីស្ថានមានជិត៣ពាន់៧រយគ្រឿង
−ឥណ្ឌាមានកាំភ្លើងធំផ្ទុកលើរថក្រោះ២០០គ្រឿង
−ប៉ាគីស្ថានមាន៤២៩គ្រឿង
−ឥណ្ឌាមានកាំភ្លើងធំសណ្តោង៤០៦០គ្រឿង
−ប៉ាគីស្ថានមានជាង១២០០គ្រឿង
−ឥណ្ឌាមានរថយន្តផ្ទុកកាំជ្រួច ឬមីស៊ីលជាង២៦០គ្រឿង
−ប៉ាគីស្ថានមាន១៥០គ្រឿង
៤. យុទ្ធភណ្ឌទ័ពជើងទឹក
−ឥណ្ឌាមាននាវាចម្បាំងគ្រប់ធុនជិត៣០០គ្រឿង
−ប៉ាគីស្ថានមាន២៣១គ្រឿង
−ឥណ្ឌាមាននាវាផ្ទុកយន្តហោះ១គ្រឿង
−ប៉ាគីស្ថានគ្មាន
−ឥណ្ឌាមាននាវាចម្បាំងធុនតូចចំនួន១៥គ្រឿង
−ប៉ាគីស្ថានមាន៩គ្រឿង
−ឥណ្ឌាមាននាវាកម្ទេច១១គ្រឿង
−ប៉ាគីស្ថានគ្មាន
−ឥណ្ឌាមាននាវាមុជទឹក១៦គ្រឿង
−ប៉ាគីស្ថានមាន៥គ្រឿង
−ឥណ្ឌាមាននាវាប្រដាប់អាវុធអមក្បួនដឹកជញ្ជូនចំនួន២២គ្រឿង
−ប៉ាគីស្ថានគ្មាន
−ឥណ្ឌាមាននាវាល្បាតចំនួន១៣៩គ្រឿង
−ប៉ាគីស្ថានមាន១១គ្រឿង
−ឥណ្ឌាមាននាវារាយមីន/កម្ទេចមីនក្នុងទឹកចំនួន១គ្រឿង
−ប៉ាគីស្ថានមាន៣គ្រឿង
៥. អាវុធមហាប្រល័យបរមាណូ ឬនុយក្លេអ៊ែរ
−ឥណ្ឌាមានកាំជ្រួចក្បាលបរមាណូឈ្មោះព្រះពុទ្ធញញឹមពី១៣០ទៅ១៤០គ្រាប់
−ប៉ាគីស្ថានមានកាំជ្រួចក្បាលបរមាណូឈ្មោះស្ទាំងពី១៤០ទៅ១៥០គ្រាប់
៦. ប្រេងឥន្ធនៈ
−ឥណ្ឌាផលិតប្រេងឥន្ធនៈបានជាង៧សែនធុងក្នុងមួយថ្ងៃហើយប្រើប្រាស់ប្រេងឥន្ធនៈជិត៤លានធុងក្នុងមួយថ្ងៃ។
− ប៉ាគីស្ថាន ផលិតបានជិត៩ម៉ឺនធុងក្នុង ១ថ្ងៃ ហើយប្រើប្រាស់ជាង៤សែនធុងក្នុង១ថ្ងៃ។
−ឥណ្ឌាមានប្រេងកាតបម្រុងអាចបូមបានចំណុះជិត៥ពាន់លានធុង។
−ប៉ាគីស្ថានមានជិត៣៥១លានធុង។
៧. ចំពោះបំណុលបរទេស
−ឥណ្ឌាជំពាក់គេចំនួនជិត៥០២ពាន់លានដុល្លារ។
−ប៉ាគីស្ថានជំពាក់បំណុលបរទេសជិត៨៣ពាន់លានដុល្លារ។
៨. រូបិយវត្ថុជាទ្រព្យតម្កល់ទុកបម្រុងក្រៅប្រទេស រួមទាំង មាសដុំ
−ឥណ្ឌាមានចំនួនជិត៤១០ពាន់លានដុល្លារ រីឯប៉ាគីស្ថានមានជិត ១៩ពាន់លានដុល្លារ៕

VOA
cpp

Related News